ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ ពង្សាវតាក្សត្រ 12

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅក្នុងឆ្នាំទីប្រាំពីរនៃព្រះបាទយេហ៊ូវ រាជ្យរបស់ព្រះបាទយ៉ូអាសបានចាប់ផ្តើម ស្តេចសោយរាជ្យបានសែសិបឆ្នាំនៅក្រុងយេរូសាឡឹម។ ​មាតា​របស់​ទ្រង់គឺស៊ីប‌យ៉ា ជា​អ្នក​ស្រុក​បៀរ‌សេ‌បា។
2ព្រះបាទយ៉ូអាសបានប្រព្រឹត្តត្រឹមត្រូវនៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់គ្រប់ពេល ដោយសារលោកបូជាចារ្យយេហូយ៉ាដាបានណែនាំស្តេច។
3ប៉ុន្តែ តាមទីទួលខ្ពស់ៗស្តេចមិនបានបំផ្លាញចោលឡើយ។ ប្រជាជននៅតែថ្វាយតង្វាយ និងដុតគ្រឿងក្រអូបនៅតាមទីខ្ពស់ទាំងនោះដដែរ។
4ព្រះបាទយ៉ូអាសនិយាយទៅលោកបូជាចារ្យថា៖ «ប្រាក់ទាំងអស់ដែលបាននាំមកជាដង្វាយនៅក្នុងដំណាក់របស់ព្រះអម្ចាស់ ប្រាក់ដែលម្នាក់ៗយកមកថ្វាយ ទោះបីជាប្រាក់ដែលគេយកមកបង់ពន្ធព្រះវិហារ ឬប្រាក់ដែលទទួលបានពីបុគ្គល ឬប្រាក់ដែលគេបាននាំមកថ្វាយដោយការជំរុញចិត្តពីព្រះអម្ចាស់ក៏ដោយ
5ក៏ពួកបូជាចារ្យគួរតែទទួលប្រាក់ទាំងនោះទៅដាក់ក្នុងឃ្លាំង ហើយជួសជុលអ្វីៗដែលខូចខាតនៅក្នុងព្រះវិហារ»។
6ប៉ុន្តែ នៅឆ្នាំទីម្ភៃបីនៃស្តេចយ៉ូអាស ពួកបូជាចារ្យមិនបានជួសជុលអ្វីនៅក្នុងព្រះវិហារឡើយ។
7បន្ទាប់មក ព្រះបាទយ៉ូអាសបានកោះហៅលោកបូជាចារ្យយេហូយ៉ាដា និងបូជាចារ្យផ្សេងទៀតមក ស្តេចបាននិយាយទៅពួកគេថា៖ «តើហេតុអ្វីអ្នកទាំងអស់គ្នាមិនជួសជុលអ្វីៗនៅក្នុងព្រះវិហារ? ឥឡូវនេះ ចូរឈប់យកប្រាក់ពីអ្នកបង់ពន្ធតទៅទៀត ប៉ុន្តែ ចូរយកប្រាក់ដែលប្រមូលបានដើម្បីជួសជុលព្រះវិហារ ហើយប្រគល់ដល់អ្នកដែលអាចជួសជុលបាន»។
8ដូច្នេះ ពួកបូជាចារ្យក៏យល់ព្រមឈប់ប្រមូលប្រាក់់ពីប្រជាជន ហើយមិនជួសជុលព្រះវិហារដោយខ្លួនឯងឡើយ។
9ផ្ទុយទៅវិញ លោកបូជាចារ្យយេហូយ៉ាដាមកយកហឹបមួយមក ចុះរន្ធនៅលើមាត់ហឹបនោះ ហើយដាក់វានៅខាងក្រោយអាសនា នៅខាងស្តាំច្រកចូលព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកបូជាចារ្យដែលយាមនៅទ្វារព្រះវិហារបានដាក់ប្រាក់ទាំងអស់ដែលគេបាននាំមកដំណាក់របស់ព្រះអម្ចាស់នៅក្នុងហឹបនោះ។
10នៅពេលដែលគេឃើញថាមានប្រាក់ច្រើននៅក្នុងហឹប អ្នករាប់លុយរបស់ស្តេច និងលោកមហាបូជាចារ្យនឹងមក ហើយដាក់ប្រាក់នៅក្នុងបាវ ហើយបន្ទាប់មក ពួកគេរាប់ប្រាក់នោះ គឺប្រាក់ដែលមាននៅក្នុងដំណាក់របស់ព្រះអម្ចាស់។
11ពួកគេបានប្រគល់ប្រាក់ដែលបានថ្លឹងរួចទៅអ្នកដែលមើលថែព្រះវិហារបស់ព្រះអម្ចាស់។ ពួកគេថាចំណាយទៅលើជាងឈើ និងជាងសាងសង់ដែលធ្វើការនៅក្នុងវិហារបស់ព្រះអម្ចាស់
12និងជាងកំបោរ និងអ្នកកាត់ថ្ម សម្រាប់ទិញឈើ និងថ្មដាប់ ដើម្បីជួសជុលព្រះវិហាររបស់ព្រះអម្ចាស់ និងសម្រាប់ចំណាយលើអ្វីៗដែលត្រូវជួសជុលព្រះវិហារ។
13ប៉ុន្តែ ប្រាក់​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់មិនបានចំណាយ ទៅ​ធ្វើ​ពាន​ប្រាក់ កាំបិត ថូ ត្រែ ឬ​ប្រដាប់‌ប្រដា​អ្វី​ផ្សេង​ទៀត​អំពី​មាសឬ ប្រាក់​ឡើយ។
14គេ​ប្រគល់​ប្រាក់​នេះ​ឲ្យ​អស់​អ្នក​ដែល​ធ្វើការ​ជួស‌ជុល​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។
15លើសពីនេះទៅទៀត ពួកគេមិនចាំបាច់រាប់លុយដែលត្រូវចំណាយលើការជួសជុលឡើយ ព្រោះអ្នកដែលទទួលប្រាក់ ដើម្បីបើកឲ្យអ្នកធ្វើការសុទ្ធតែជាមនុស្សស្មោះត្រង់។
16ប៉ុន្តែ ប្រាក់សម្រាប់តង្វាយសុំការលើកលែងទោស និងតង្វាយលោះបាបមិនបាននាំមកក្នុងដំណាក់របស់ព្រះអម្ចាស់ឡើយ ព្រោះប្រាក់នេះជាកម្មសិទ្ធិរបស់ពួកបូជាចារ្យ។
17បន្ទាប់មក ព្រះបាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី ឡើង​មក​វាយក្រុងកាដ និង​ដណ្ដើម​យក​បាន​ក្រុងនោះ។ ព្រះបាទហាសែលក៏ត្រឡប់ទៅវាយក្រុងយេរូសាឡឹមទៀត។
18ព្រះ‌បាទ​យ៉ូអាស​ស្ដេច​ស្រុក​យូដា ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​យ៉ូសា‌ផាត ព្រះ‌បាទ​យ៉ូរ៉ាម និង​ព្រះ‌បាទ​អហា‌ស៊ីយ៉ា បាន​ញែកទុកនិង​វត្ថុ​ដែល​ស្ដេច​ផ្ទាល់​បានញែកទុក និងមាសដែលបានរកឃើញនៅក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះអម្ចាស់ និងក្នុងដំណាក់របស់ស្តេច ហើយបញ្ជូនរបស់ទាំងនោះទៅ​ថ្វាយ​ព្រះ‌បាទ​ហាសែល ជា​ស្ដេច​ស្រុក​ស៊ីរី។ បន្ទាប់មកព្រះបាទហាសែលបានចេញពី​ក្រុង​យេរូ‌សាឡឹម​ទៅ។
19រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទយ៉ូអាស និងអ្វីៗដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ?
20អ្នកបម្រើទាំងឡាយរបស់ស្តេចបានងើបឡើងរួមគំនិតគ្នា ហើយពួកគេបានវាយប្រហារព្រះបាទយ៉ូអាសនៅ​ប៉ម​មីឡូ តាម​ផ្លូវ​ចុះ​ទៅ​ស៊ីឡា។
21​លោក​យ៉ូសា​ការ ជា​កូន​របស់​លោក​ស៊ីមាត និង​លោក​យ៉ូសា‌បាឌ ជា​កូន​របស់​លោក​សូមើរ ជាអ្នកបម្រើរបស់ស្តេចបានវាយប្រហារទ្រង់ ហើយស្តេចក៏សុគតទៅ។ គេ​បាន​បញ្ចុះ​សព​ព្រះបាទយ៉ូអាសជាមួយបុព្វបុរសរបស់ទ្រង់នៅក្នុងក្រុងព្រះ‌បាទ​ដាវីឌ ហើយ​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​បុត្ររបស់ទ្រង់ បាន​ឡើង​ស្នង​រាជ្យបន្ត។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។