ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

២ ពង្សាវតាក្សត្រ 1

Read Scripture freely. Divine Threads study for this chapter is coming later.

1ក្រោយពេលដែលព្រះបាទអហាប់បានសោយទិវង្គតទៅ ជនជាតិម៉ូអាប់បានបះបោរប្រឆាំងនឹងជនជាតិអ៊ីស្រាអែល។
2បន្ទាប់មក ព្រះ‌បាទ​អហា‌ស៊ីយ៉ាបានធ្លាក់ពីលើរានហាលខាងលើនៅស្រុកសាម៉ារី ហើយមានរបួសជាទំងន់។ ដូច្នេះ ស្តេចបានបញ្ជូនអ្នកនាំសារ ហើយនិយាយទៅកាន់ពួកគេថា៖ «សូមទៅសួរ​​បាល-‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូនមើល ថាតើយើងនឹងបានជាពីបួសនេះឬទេ»។​
3ប៉ុន្តែ មានទេវតារបស់ព្រះអម្ចាស់មួយរូបបានមានប្រសាសន៍មកលោកអេលីយ៉ាជាអ្នកស្រុក​ធេស‌ប៊ី​ថា៖ «ចូរ​ក្រោកឡើង ចូរឡើងទៅដើម្បីជួបជាមួយអ្នកនាំសាររបស់ស្តេចស្រុកសាម៉ារី ហើយសួរពួកគេថា៖ «តើគ្មានព្រះនៅស្រុកអ៊ីស្រាអែលទេឬ បានជាអ្នករាល់គ្នាទៅសុំយោបល់ពីព្រះ​បាល-‌សេប៊ូប​ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?
4ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានទេ អ្នកនឹងស្លាប់មិនខាន»។ បន្ទាប់មក លោកអេលីយ៉ាក៏ចេញទៅ។
5នៅពេលដែលអ្នកនាំសារបានត្រឡប់ទៅជួបព្រះ‌បាទ​អហា‌ស៊ីយ៉ា​វិញ ស្តេចបានរាជឱង្ការសួរថា៖ «ហេតុអ្វីបានជាអ្នកត្រឡប់មកវិញដូច្នេះ»?
6ពួកគេបានទូលស្តេចថា៖ «មានបុរសម្នាក់បានមកជួបពួកយើង លោកបាននិយាយជាមួយយើងថា៖ «ចូរត្រឡប់ទៅស្តេចដែលបានបញ្ជូនអ្នកវិញទៅ ហើយទូលទ្រង់ថា៖ «ព្រះអម្ចាស់ទូលថា៖ «តើគ្មានព្រះនៅស្រុកអ៊ីស្រាអែលទេឬ បានជាអ្នកទៅសុំយោបល់ពីព្រះ​បាល-‌សេប៊ូប​ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ? ដូច្នេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «អ្នកនឹងមិនអាចក្រោកពីគ្រែដែលអ្នកដេកនោះបានទេ អ្នកនឹងស្លាប់មិនខាន»។
7ព្រះបាទអស៊ីយ៉ាបានទូលទៅអ្នកនាំសារថា៖ «តើបុរសដែលបានឡើងមកជួបអ្នករាល់គ្នា ហើយបាននិយាយពាក្យទាំងនេះជាមួយអ្នកទាំងអស់គ្នា តើគាត់ជាមនុស្សប្រភេទណា»?
8ពួកគេបានទូលស្តេចវិញថា៖ «លោកបានពាក់អាវរោមសត្វ ហើយមានខ្សែក្រវ៉ាត់ស្បែកនៅនឹងចង្កេះរបស់លោក»។ ដូច្នេះ ស្តេចមានរាជឱង្ការតបវិញថា៖ «នោះគឺលោកអេលីយ៉ា ជាអ្នក​ស្រុក​ធេស‌ប៊ី»!
9បន្ទាប់មក ស្តេចបានបញ្ជូនមេទ័ពជាមួយទាហានហាសិបនាក់ទៅជួបលោកអេលីយ៉ា។ លោកមេទ័ពបានឡើងទៅជួបលោកអេលីយ៉ា នៅកន្លែងដែលលោកបានអង្គុយគឺនៅលើកំពូលភ្នំ។ លោកមេទ័ពបាននិយាយទៅលោកថា៖ «លោកជាអ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ស្តេចមានរាជឱង្ការថា៖ «សូមអញ្ជើញចុះមក»។
10លោកអេលីយ៉ាឆ្លើយតបទៅលោកមេទ័ពថា៖ «បើខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់មែន សូមឲ្យមានភ្លើងធ្លាក់ពីលើមេឃមក ឆេះបំផ្លាញលោក និងទាហានហាសិបនាក់នេះចុះ»។ បន្ទាប់មក ក៏មានភ្លើងធ្លាក់ចុះពីលើមេឃមក ឆេះបំផ្លាញមេទ័ព និងទាហានហាសិបនាក់នោះមែន។
11បន្ទាប់មក ព្រះបាទអហ៊ីយ៉ាបានចាត់មេទ័ពម្នាក់ទៀតទៅជួបលោកអេលីយ៉ា និងទាហានហាសិបនាក់ទៅជាមួយ។ លោកមេទ័ពនោះក៏បាននិយាយទៅកាន់លោកអេលីយ៉ាដែរថា៖ «លោកជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ស្តេចមានរាជឱង្ការថា៖ «សូមចុះមកជាប្រញាប់»។
12លោកអេលីយ៉ាបានឆ្លើយជាមួយពួកគេថា៖ «បើខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់មែន សូមឲ្យមានភ្លើងធ្លាក់ពីលើមេឃមក ឆេះបំផ្លាញលោក និងទាហានហាសិបនាក់នេះចុះ»។ បន្ទាប់មក ក៏មានភ្លើងធ្លាក់ចុះពីលើមេឃមក ឆេះបំផ្លាញមេទ័ព និងទាហានហាសិបនាក់នោះម្តងទៀត។
13បន្ទាប់មក ស្តេចបានបញ្ជូនក្រុមទីបីដែលមានទាហានហាសិបនាក់ទៅទៀត។ លោកមេទ័ពនេះបានឡើងទៅ គាត់បានលុតជង្គង់នៅចំពោះលោកអេលីយ៉ា ហើយអង្វរលោក ហើយបាននិយាយថា៖ «លោកដែលជាអ្នកបម្រើរបស់ព្រះអម្ចាស់អើយ សូមឲ្យជីវិតរបស់ខ្ញុំ និងជីវិតរបស់អ្នកបម្រើហាសិបនាក់របស់លោកមានតម្លៃចំពោះភ្នែកលោកផង។
14ពេលមុនមានភ្លើងធ្លាក់ពីលើមេឃមកហើយបានឆេះបំផ្លាញលោកមេទ័ពទាំងពីរដែលមកមុនខ្ញុំ តែឥឡូវនេះសូមឲ្យជីវិតរបស់ខ្ញុំមានតម្លៃចំពោះមុខលោកផង»។​
15ទេវតារបស់ព្រះអម្ចាស់បាននិយាយទៅលោកអេលីយ៉ាថា៖ «សូមចុះទៅជាមួយគាត់ទៅ។ កុំឲ្យខ្លាចគាត់ឡើយ»។ ដូច្នេះ លោកអេលីយ៉ាបានក្រោកឡើង ហើយបានចុះទៅជាមួយគាត់ទៅជួបស្តេច។
16ក្រោយមកលោកអេលីយ៉ាបានទូលទៅព្រះបាទអហ៊ីយ៉ាថា៖​ «នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់៖ «ព្រះករុណាបានបញ្ជូនអ្នកនាំសារទៅសុំយោបល់ពីបាល-សេប៊ូល ជាព្រះរបស់ក្រុងអេក្រុន។ តើនៅស្រុកអ៊ីស្រាអែលមិនមានព្រះដែលព្រះករុណាអាចសុំពត៌មានបានទេឬ? ដូច្នេះ ឥឡូវនេះ ព្រះករុណានឹងមិនអាចចុះពីលើគ្រែរបស់អ្នក ដែលព្រះករុណាបានឡើងទៅនោះបានទេ ព្រះករុណាមុខជាសោយទិវង្គតមិនខាន»។
17ដូច្នេះ ស្តេចអហាស៊ីយ៉ាបានសុគតស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោកអេលីយ៉ាបានថ្លែងមែន។ ព្រះបាទយ៉ូរ៉ាមបានឡើងសោយរាជ្យបន្តពីស្តេច នៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះ‌បាទ​យ៉ូសា‌ផាត ស្ដេច​ស្រុក​យូដា។ ព្រោះព្រះបាទអហា‌ស៊ីយ៉ា​គ្មាន​បុត្រ​ទេ។
18រឿងរ៉ាវផ្សេងទៀតទាក់ទងនឹងព្រះបាទអហាស៊ីយ៉ា តើមិនមានកត់ត្រាទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចអ៊ីស្រាអែលទេឬ?
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។