ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រទី ២ 4

Read Scripture freely. Divine Threads study for this chapter is coming later.

1ស្តេចបានធ្វើអាសនៈលង្ហិនមួយ មានបណ្ដោយម្ភៃហត្ថទទឹងម្ភៃហត្ថ និងកម្ពស់ដប់ហត្ថ។
2ស្តេចបានធ្វើសមុទ្រមូលពីលង្ហិនដែលមានអង្កត់ផ្ចិតពីមាត់ម្ខាងទៅមាត់ម្ខាងប្រវែងដប់ហត្ថ។ សមុទ្រមានកម្ពស់ប្រាំហត្ថ ហើយសមុទ្រមានទំហំសាមសិបហត្ថជារង្វង់មូល។
3នៅខាងក្រោមគែមសមុទ្រមានរូបគោឈ្មោលគឺមួយហត្ថមានរូបគោដប់ ពាក់កណ្តាលខ្លួនជាប់ក្នុងសមុទ្រនៅពេលដែលសមុទ្ររលកចេញក្រៅ។
4សមុទ្រឈរលើគោចំនួនដប់ពីរ គោបីបែរទៅទិសខាងជើងបីបែរទៅទិសខាងលិចបីទៀតបែរមុខទៅទិសខាងត្បូង និងបីក្រឡេកមើលទៅទិសខាងកើត។ សមុទ្របានដាក់នៅខាងលើរូបគោទាំងនោះហើយគូទរបស់រូបគោទាំងនោះបែរចូលទៅខាងក្នុង។
5សមុទ្រមានកម្រាស់មួយទះដៃហើយមាត់របស់វាដូចមាត់ពែង ហើយមានរាងដូចជាផ្កាឈូករីក។ សមុទ្រនោះអាចផ្ទុកទឹកបានចំនួនបីពាន់អម្រែក។
6ស្តេចបានធ្វើអាងចំនួនដប់សម្រាប់លាងសម្អាត។ ស្តេចដាក់ប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេង ហើយសម្ភារដែលត្រូវប្រើក្នុងការថ្វាយតង្វាយដុតត្រូវលាងសម្អាតនៅក្នុងអាងនោះ។ សមុទ្រគឺសម្រាប់ពួកបូជាចារ្យលាងសម្អាតខ្លួន។
7ស្តេចបានធ្វើជើងចង្កៀងដប់ អំពីមាស ទៅតាមក្បួនតម្រាអំពីជើងចង្កៀង ហើយយកទៅដាក់នៅក្នុងព្រះវិហារ ប្រាំនៅខាងស្តាំដៃ និងប្រាំទៀតនៅខាងឆ្វេងដៃ។
8ស្តេចបានធ្វើតុចំនួនដប់ ហើយបានយកទៅដាក់នៅក្នុងព្រះវិហារ ដោយដាក់ប្រាំនៅខាងស្តាំ និងប្រាំទៀតនៅខាងឆ្វេង។ ស្តេចក៏បានធ្វើផើងមាសចំនួនមួយរយដែរ។
9លើសពីនេះ ស្តេចបានបង្កើតទីធ្លាសម្រាប់ពួកបូជាចារ្យ និងទីធ្លាដ៏ធំមួយព្រមទាំងធ្វើទ្វារសម្រាប់ទីធ្លាទាំងនោះផង។ ស្តេចបានឲ្យគេស្រោបទ្វារទាំងនោះដោយលង្ហិន។
10ស្តេចដាក់សមុទ្រនៅខាងស្តាំព្រះដំណាក់នៅទិសខាងកើត ហើយបែរមុខទៅទិសខាងត្បូង។
11លោកហ៊ីរ៉ាមបានធ្វើផើងប៉ែល និងចានសម្រាប់ប្រោះឈាម។ លោកហ៊ីរ៉ាមបានបង្ហើយកិច្ចការដែលព្រះបាទសាឡូម៉ូនបានឲ្យធ្វើនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់
12គឺមានសសរទាំងពីរ និងក្បាលសសររាងពងក្រពើដែលស្ថិតនៅលើសសរទាំងពីរព្រមទាំងក្បាប់តុបតែងលម្អទាំងពីឈុតសម្រាប់គ្របលើក្បាលសសរដែលមានរាងដូចចានគោម ដែលនៅលើសរទាំងពីរ។
13លោកបានធ្វើរូបផ្លែទទឹមចំនួនបួនរយសម្រាប់ការតុបតែងលម្អនៅលើក្បាលសសរទាំងពីរ គឺផ្លែទទឹមចំនួនពីរជួរភ្ជាប់ និងក្បាច់ក្រឡាសំណាញ់នីមួយៗ សម្រាប់គ្របក្បាលសសរដែលមានរាងដូចចានពងក្រពើទាំងពីរដែលស្ថិតនៅលើសសរនោះ។
14លោក​ហ៊ីរ៉ាម​ក៏​បាន​ធ្វើជើងទម្រ និង​អាង​ដាក់​លើជើងទម្រទាំង​នោះ
15សមុទ្រមួយ និងរូបគោចំនួនដប់ពីរ នៅពីក្រោមសមុទ្រនោះ
16ព្រមទាំងផើង ប៉ែល សមចាក់សាច់ ព្រមទាំងសម្ភារផ្សេងទៀត។ លោកហ៊ីរ៉ាមជាអ្នកជំនាញបានធ្វើសម្រាប់ព្រះបាទសាឡូម៉ូនសម្រាប់ប្រើក្នុងព្រះដំណាក់នៃព្រះអម្ចាស់ សុទ្ធតែធ្វើពីលង្ហិនយ៉ាងរលោង។
17ស្តេចបានឲ្យគេយករបស់ទាំងនោះទៅសិត និងដុតនៅក្នុងឡឥដ្ឋនៅវាលទំនាបទន្លេយ័ដាន់នៅត្រង់ចន្លោះស៊ូកូត និងសារ៉េថាន។
18ដូច្នេះ​ហើយ ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់ទាំងអស់យ៉ាងបរិបូរ ហើយទំងន់លង្ហិនមិនអាចដឹងបានទេ។
19ព្រះបាទសាឡូម៉ូនបានធ្វើគ្រឿងសង្ហារិមទាំងអស់ដែលស្ថិតនៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ មានអាសនៈមាស និងតុដែលគេដាក់នំបុ័ងនៅទីនោះ។
20ជើងចង្កៀង និងចង្កៀងសម្រាប់ដុតនៅក្នុងបន្ទប់ខាងក្នុងត្រូវបានធ្វើឡើងពីមាសសុទ្ធ។
21ផ្កាភ្លើងចង្កៀង និងអណ្តាតភ្លើងចង្កៀងសុទ្ធតែធ្វើពីមាសសុទ្ធ។ រីឯតួចង្កៀង កន្លែងដាក់ប្រេងចង្កៀង ស្លាបព្រាចូកប្រឆេះចង្កៀង និងអាសនៈដុតគ្រឿងក្រអូបសុទ្ធតែធ្វើពីមាសសុទ្ធ។
22រីឯទ្វារចូលព្រះដំណាក់ ទ្វារចូលទៅក្នុងទីបរិសុទ្ធ ទ្វារខាងក្នុងចូលទៅទីបរិសុទ្ធបំផុត និងទ្វារព្រះដំណាក់គឺជាទ្វារនៃព្រះវិហារគឺសុទ្ធតែធ្វើពីមាសសុទ្ធទាំងអស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។