1ព្រះបាទយ៉ូសៀសបានធ្វើបុណ្យចម្លងថ្វាយព្រះអម្ចាស់នៅក្រុងយេរូសាឡិម ហើយពួកគេបានសម្លាប់កូនចៀមសម្រាប់បុណ្យចម្លងនៅថ្ងៃទីដប់បួននៃខែទីមួយ។
2ស្តេចបានតែងតាំងពួកបូជាចារ្យឲ្យបំពេញមុខងាររបស់ខ្លួន ហើយបានលើកទឹកចិត្តពួកគេនៅក្នុងការបម្រើការងារនៅក្នុងដំណាក់របស់ព្រះអម្ចាស់។
3ស្តេចមានរាជឱង្ការទៅកាន់ពួកលេវីជាអ្នកបង្រៀនជនជាតិអ៊ីស្រាអែលទាំងមូល និងជាអ្នកដែលបានញែកខ្លួនថ្វាយព្រះអម្ចាស់ថា៖ «សូមដាក់ហឹបដ៏សក្ការៈក្នុងព្រះដំណាក់ដែលព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌជាស្តេចស្រុកអ៊ីស្រាអែលបានសង់។ អ្នករាល់គ្នាមិនត្រូវការសែងហឹបនេះទៀតទេ ឥឡូវនេះ ចូរថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយបម្រើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទៅ។
4ចូររៀបចំខ្លួនតាមឈ្មោះវង្សត្រកូល និងក្រុមរបស់អ្នករាល់គ្នាស្របតាមការណែនាំរបស់ព្រះបាទដាវីឌ ជាស្តេចស្រុកអ៊ីស្រាអែល និងព្រះបាទសាឡូម៉ូនជាបុត្ររបស់ទ្រង់។
5ចូរឈរនៅទីបរិសុទ្ធ នៅតាមកន្លែងរបស់អ្នករាល់គ្នា តាមតំណវង្សត្រកូលដូនតានិងបងប្អូនរបស់អ្នករាល់គ្នា តាមតំណកូនចៅនៃប្រជាជន និងនៅតាមកន្លែងរបស់អ្នករាល់គ្នាជាមួយក្រុមរបស់អ្នករាល់គ្នានៅក្នុងវង្សត្រកូលរបស់ពួកលេវី។
6ចូរសម្លាប់កូនចៀមសម្រាប់បុណ្យចម្លង ហើយញែកខ្លួនឲ្យបានវិសុទ្ធ ចូររៀបចំកូនចៀមសម្រាប់បងប្អូនរបស់អ្នករាល់គ្នា ចូរធ្វើឲ្យស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ»។
7ព្រះបាទយ៉ូសៀសបានប្រទានកូនចៀម និងកូនពពែចំនួនបីម៉ឺនក្បាលពីហ្វូងសត្វសម្រាប់ធ្វើយញ្ញបូជាក្នុងពិធីបុណ្យចម្លង។ ស្តេចក៏ប្រទានគោបីពាន់ក្បាល ទាំងនេះជាសម្បត្ដិរបស់ព្រះរាជាផ្ទាល់។
8ពួកអ្នកដឹកនាំរបស់ស្តេចក៏បានថ្វាយតង្វាយស្ម័គ្រចិត្តដល់ប្រជាជន ពួកបូជាចារ្យ និងពួកលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែលដែលជាអ្នកទទួលខុសត្រូវក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់បានប្រគល់ជូនពួកបូជាចារ្យសម្រាប់ពិធីបុណ្យចម្លងនូវកូនគោចំនួន ២, ៦០០ ក្បាល និងគោឈ្មោលចំនួនបីរយក្បាល។
9ហើយលោកកូណានា លោកសេម៉ាយ៉ា និងលោកនេថានេល ជាប្អូនរបស់លោក ព្រមទាំងលោកហាសាប៊ីយ៉ា លោកយេហ៊ីអែល និងលោកយ៉ូសាបាដ ជាអ្នកដឹកនាំពួកលេវី ក៏យកកូនគោ ៥, ០០០ក្បាល ព្រមទាំងគោឈ្មោល ៥០០ក្បាល ប្រគល់ជូនពួកលេវី សម្រាប់ពិធីបុណ្យចម្លង។
10ដូច្នេះ គេរៀបចំពិធីបូជា ហើយពួកបូជាចារ្យឈរនៅកន្លែងរបស់ខ្លួនជាមួយពួកលេវីតាមមុខងាររបស់គេស្របតាមបញ្ជារបស់ស្តេច។
11ពួកគេបានសម្លាប់កូនចៀមនៃបុណ្យចម្លង ហើយពួកបូជាចារ្យប្រោះឈាមដែលពួកគេទទួលពីដៃរបស់ពួកលេវី ចំណែក ពួកលេវីធ្វើការពន្លះស្បែកកូនចៀម។
12គេដាក់សាច់ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូលដោយឡែក សម្រាប់ចែកទៅក្រុមគ្រួសារផ្សេងៗរបស់ប្រជាជន ដើម្បីឲ្យពួកគេថ្វាយព្រះអម្ចាស់ ដូចមានចែងទុកក្នុងកណ្ឌគម្ពីររបស់លោកម៉ូសេ។ ពួកគេបានធ្វើដូចគ្នាជាមួយគោឈ្មោលដែរ។
13ពួកគេអាំងសាច់កូនចៀមដែលថ្វាយសម្រាប់ពិធីបុណ្យចម្លងនៅលើភ្លើងស្របតាមការណែនាំ។ ចំណែក តង្វាយសក្ការៈវិញ ពួកគេចម្អិនក្នុងឆ្នាំង ថ្លាង និងខ្ទះ រួចប្រញាប់ប្រញាល់ចែកជូនប្រជាជនទាំងអស់។
14បន្ទាប់មក ពួកគេរៀបចំតង្វាយសម្រាប់ខ្លួនពួកគេផ្ទាល់ និងសម្រាប់ពួកបូជាចារ្យ ពីព្រោះពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុននាំគ្នាថ្វាយតង្វាយដុត និងខ្លាញ់រហូតដល់ពេលយប់។ ដូច្នេះ ពួកលេវីបានរៀបចំតង្វាយសម្រាប់ខ្លួនឯង និងពួកបូជាចារ្យដែលជាកូនចៅរបស់លោកអើរ៉ុន។
15ក្រុមចម្រៀងដែលជាកូនចៅរបស់លោកអេសាភ បាននៅកន្លែងរបស់គេ ស្របតាមការណែនាំរបស់ព្រះបាទដាវីឌលោកអេសាភ លោកហេម៉ានព្រមទាំងលោកយេឌូថុនជាព្យាការីរបស់ព្រះរាជា។ ពួកគេមិនចាំបាច់ចាកចេញពីកន្លែងទេពីព្រោះពួកលេវីដែលជាបងប្អូនរបស់ពួកគេបានរៀបចំម្ហូបសម្រាប់ពួកគេ។
16នៅគ្រានោះ គេបំពេញកិច្ចការរបស់ព្រះអម្ចាស់ទាំងមូលសម្រាប់ការអបអរពិធីបុណ្យចម្លង និងថ្វាយតង្វាយដុតទាំងមូលនៅលើអាសនៈរបស់ព្រះអម្ចាស់ស្របតាមបញ្ជារបស់ស្តេចយ៉ូសៀស។
17ប្រជាជនអ៊ីស្រាអែលដែលបានចូលរួមបានបន្តប្រារព្ធពិធីបុណ្យចម្លង និងពិធីបុណ្យនំបុ័ងឥតមេអស់រយៈពេលប្រាំពីរថ្ងៃ។
18តាំងពីជំនាន់ព្យាការីសាំយូអែលគ្មាននរណាម្នាក់ធ្វើពិធីបុណ្យចម្លងបែបនេះនៅស្រុកអ៊ីស្រាអែលឡើយ ហើយក៏មិនដែលមានស្តេចអង្គណាធ្វើពិធីបុណ្យចម្លងដូចព្រះបាទយ៉ូសៀសរួមជាមួយពួកបូជាចារ្យ ពួកលេវី និងប្រជាជនយូដា ជនជាតិអ៊ីស្រាអែលដែលមានវត្តមាន និងប្រជាជននៅក្រុងយេរូសាឡិមដែរ។
19គេប្រារព្ធពិធីបុណ្យចម្លងនេះ នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះបាទយ៉ូសៀស។
20ក្រោយហេតុការណ៍ទាំងនេះ គឺក្រោយពេលដែលព្រះបាទយ៉ូសៀសជួសជុលព្រះវិហាររួចរាល់ហើយ ព្រះបាទផារ៉ោននេកោ ជាស្តេចស្រុកអេស៊ីបបានលោកទទ័ពទៅច្បាំងជាមួយក្រុងកើកេមីស នៅទន្លេអឺប្រាត ពេលនោះព្រះបាទយ៉ូសៀសបានឡើងទៅស្ទាក់ផ្លូវទ្រង់។
21ប៉ុន្តែ ព្រះបាទនេកោបានបញ្ជូនឯកអគ្គរដ្ឋទូតឲ្យមកទូលស្តេចថា៖ «បពិត្រ ស្តេចស្រុកយូដាអើយ! តើទូលបង្គំបានធ្វើអ្វីដល់ព្រះករុណា? ថ្ងៃនេះ ទូលបង្គំមិនមកច្បាំងនឹងព្រះករុណាទេ ប៉ុន្តែ គឺប្រឆាំងនឹងផ្ទះដែលទូលបង្គំកំពុងធ្វើសង្គ្រាមវិញ។ ព្រះជាម្ចាស់បង្គាប់ឲ្យទូលបង្គំទៅជាប្រញាប់ ដូច្នេះ សូមកុំរាំងស្ទះផ្លូវទូលបង្គំអី ដ្បិត ព្រះអម្ចាស់គង់ជាមួយទូលបង្គំ ក្រែងលោទ្រង់ប្រហារព្រះករុណាឲ្យវិនាស»។
22ទោះយ៉ាងណា ព្រះបាទយ៉ូសៀសបានបដិសេធ និងមិនងាកចេញឡើយ។ ស្តេចក្លែងខ្លួន ដើម្បីប្រយុទ្ធជាមួយស្តេច។ ស្តេចមិនបានស្តាប់សំដីរបស់ព្រះបាទនេកោដែលចេញពីព្រះឱស្តរបស់ព្រះជាម្ចាស់ទេ។ ដូច្នេះ ស្តេចឡើងទៅប្រយុទ្ធនៅជ្រលងភ្នំមេគីដោ។
23ទាហានបានបាញ់ត្រូវព្រះបាទយ៉ូសៀស ហើយស្តេចបានមានរាជឱង្ការទៅកាន់ពួករាជបម្រើថា៖ «ចូរនាំយើងចេញទៅ ដ្បិត យើងញុំត្រូវរបួសធ្ងន់ណាស់»។
24ពួករាជបម្រើនាំស្តេចចុះពីលើរទេះសេះ ហើយដាក់ក្នុងរទេះចម្បាំងមួយទៀតរបស់ស្តេច។ ពួកគេបាននាំស្តេចទៅក្រុងយេរូសាឡិម ជាកន្លែងដែលស្តេចសោយទិវង្គត។ ស្តេចត្រូវបានគេបញ្ចុះនៅក្នុងផ្នូរនៃបុព្វបុរសរបស់ស្តេច។ ប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡិមនាំគ្នាកាន់ទុក្ខព្រះបាទយ៉ូសៀស។
25លោកយេរេមាបានទួញសោកចំពោះព្រះបាទយ៉ូសៀស។ អ្នកចម្រៀងប្រុសស្រីទាំងអស់នាំគ្នាយំទួញអំពីព្រះបាទយ៉ូសៀសរហូតដល់សព្វថ្ងៃ។ បទចម្រៀងទាំងនេះក្លាយជាទម្លាប់នៅអ៊ីស្រាអែល មើល! គេសរសេរជាបទចម្រៀងសោកសៅផង។
26ចំពោះកិច្ចការឯទៀតៗដែលទាក់ទងនឹងព្រះបាទយ៉ូសៀស និងអំពើល្អដែលព្រះអង្គបានប្រព្រឹត្ដដោយកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់។
27កិច្ចការទាំងប៉ុន្មានដែលស្តេចបានធ្វើតាំងពីដើមដល់ចប់សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់ស្តេចស្រុកយូដា និងស្តេចស្រុកអ៊ីស្រាអែល។