ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រទី ២ 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទសាឡូម៉ូនបញ្ជាឲ្យគេសង់ព្រះដំណាក់សម្រាប់ព្រះនាមរបស់ព្រះអម្ចាស់ និងកសាងរាជវាំងមួយសម្រាប់នគររបស់ព្រះអង្គ។
2ព្រះបាទសាឡូម៉ូនតែងតាំងមនុស្សប្រាំពីរម៉ឺននាក់ឲ្យលីសែង មនុស្សប្រាំបីម៉ឺននាក់ឲ្យធ្វើជាអ្នកកាប់ឈើនៅលើភ្នំ និងមានបុរសចំនួនបីពាន់ប្រាំមួយរយនាក់ឲ្យមើលការខុសត្រូវ។
3ព្រះបាទសាឡូឡូម៉ូនផ្ញើសារទៅព្រះបាទហ៊ីរ៉ាម ជាស្តេចនៅក្រុងទីរ៉ុសថា៖ «ព្រះករុណាបានបញ្ជូនឈើតាត្រៅឲ្យព្រះបាទដាវីឌជាបិតារបស់ទូលបង្គំដើម្បីសង់ព្រះដំណាក់ ដូច្នេះ សូមធ្វើការនេះជាមួយទូលបង្គំផង។
4មើល៍ ទូលបង្គំរៀបនឹងសង់ព្រះដំណាក់សម្រាប់ព្រះនាមព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំ សម្រាប់ញែកថ្វាយដល់ព្រះនាមព្រះអង្គ សម្រាប់ដុតគ្រឿងក្រអូបនៅចំពោះព្រះភក្ត្រព្រះអង្គ សម្រាប់តម្កល់នំបុ័ងនៅចំពោះព្រះវត្តមានព្រះអង្គ និងសម្រាប់ថ្វាយតង្វាយដុតទាំងព្រឹក និងល្ងាច នៅថ្ងៃសប្ប័ទ និងថ្ងៃចូលខែថ្មី ព្រមទាំងពិធីបុណ្យសំខាន់ផ្សេងៗសម្រាប់ព្រះអម្ចាស់ជាព្រះរបស់យើង។ កូនចៅអ៊ីស្រាអែល និងធ្វើការនេះជារៀងរហូតទៅ។
5ព្រះដំណាក់ដែលទូលបង្គំនឹងសង់នោះមានទំហំធំណាស់ ដ្បិត ព្រះជាម្ចាស់របស់យើងព្រះអង្គធំធេង និងខ្ពង់ខ្ពស់ជាងព្រះឯទៀតៗ។
6ប៉ុន្ដែ តើអ្នកណាអាចនឹងសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? ដ្បិត សូម្បីសកលលោកទាំងមូល និងផ្ទៃមេឃដ៏ធំធេងក៏មិនល្មមនឹងឲ្យព្រះអង្គគង់នៅផង? តើទូលបង្គំជាអ្វីដែលអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? គឺលើកលែងតែទុកសម្រាប់ថ្វាយតង្វាយនៅចំពោះព្រះភក្រ្តព្រះអង្គ
7ដូច្នេះ សូមចាត់មនុស្សដែលប៉ិនប្រសប់ខាងធ្វើមាស ប្រាក់ លង្ហិនដែក ចេះជ្រលក់ក្រណាត់ពណ៌ស្វាយ ពណ៌ក្រហម ​និងពណ៌ខៀវ ជាអ្នកដែលចេះឆ្លាក់ឈើគ្រប់ប្រភេទ។ គាត់នឹងនៅធ្វើជាមួយនឹងជាងជំនាញរបស់ទូលបង្គំនៅស្រុកយូដា និងក្រុងយេរូសាឡិមគឺជាអ្នកដែលព្រះបាទដាវីឌ ជាបិតារបស់ទូលបង្គំបានជ្រើសរើស ។
8សូមចាត់បញ្ជូនឈើតាត្រៅ ឈើកកោះ និងខ្លឹមចន្ទន៍ពីស្រុកលីបង់មកឲ្យទូលបង្គំផង ព្រោះទូលបង្គំដឹងថាពួកអ្នកបម្រើរបស់ព្រះករុណា ប្រសប់កាប់ឈើនៅស្រុកលីបង់ណាស់។ មើលអ្នកបម្រើរបស់ទូលបង្គំនឹងនៅធ្វើការជាមួយអ្នកបម្រើរបស់ព្រះករុណាដែរ
9ដើម្បីកាប់ឈើឲ្យបានច្រើនសន្ធឹកសន្ធាប់សម្រាប់ទូលបង្គំ ដ្បិត ព្រះដំណាក់ដែលទូលបង្គំបម្រុងនឹងសង់នោះពិតជាធំស្កឹមស្កៃណាស់។
10ទូលបង្គំ​នឹង​ផ្ដល់ឲ្យដល់​អ្នក​បម្រើ​របស់​ព្រះករុណា​ដែល​កាប់​ឈើ​នេះ​នូវស្បៀង​ជា​ស្រូវ​ឱកប្រាំ​ពាន់​តោន ស្រូវសាឡី​ប្រាំ​​ពាន់​តោន ស្រា​ទំពាំង‌បាយជូរ​ប្រាំ​បី​ម៉ឺន​លីត្រ និង​ប្រេង​ប្រាំ​បី​ម៉ឺន​លីត្រ»។
11ព្រះបាទហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុសបានសរសេរផ្ញើទៅព្រះបាទសាឡូម៉ូនថា៖ «ព្រះអម្ចាស់ពិតស្រឡាញ់ប្រជាជនរបស់ព្រះអង្គ ទើបព្រះអង្គតែងតាំងព្រះករុណាឲ្យធ្វើជាស្តេចលើពួកគេ»។
12លើសពីនេះទៀត ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដែលបានបង្កើតផ្ទៃមេឃ និងផែនដីដែលបានប្រទានឲ្យព្រះបាទដាវីឌមានបុត្រាដែលប្រកបដោយប្រាជ្ញាវាងវៃ និងគំនិតយោបល់ដែលនឹងសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ព្រមទាំងរាជវាំងសម្រាប់នគ។
13ឥឡូវនេះ ទូលបង្គំបានបញ្ជូនបុរសដែលមានជំនាញ និងមានទេពកោសល្យជាមួយនឹងការយល់ដឹងគឺលោកហ៊ីរ៉ាម ជាអ្នកជំនាញរបស់ទូលបង្គំ។
14លោកជាកូនរបស់ស្ត្រីរបស់ដាន់។ ឪពុករបស់លោកជាបុរសមកពីក្រុងទីរ៉ុស។ លោកមានជំនាញខាងមាសប្រាក់លង្ហិនដែកថ្ម និងឈើ និងពណ៌ស្វាយ ពណ៌ខៀវ និងរោមចៀមពណ៌ក្រហម ព្រមទាំងក្រណាត់ធ្វើពីក្រណាត់សូត្រ។ លោកក៏មានជំនាញក្នុងការធ្វើចម្លាក់ និងឆ្លាក់រូបគ្រប់ប្រភេទ តាមគម្រោង។ សូមឲ្យគេទុកកន្លែងមួយឲ្យគាត់ក្នុងចំណោមអ្នកដែលមានជំនាញជាមនុស្សដែលព្រះបាទដាវីឌជាម្ចាស់របស់ទូលបង្គំ ហើយជាបិតារបស់ព្រះករុណាបានជ្រើសរើសចុះ។
15ឥឡូវនេះ ស្រូវសាលីស្រូវឱកប្រេង និងស្រាទំពាំងបាយជូរដែលព្រះករុណាជាម្ចាស់របស់ទូលបង្គំបានមានបន្ទូល សូមព្រះករុណាចាត់បញ្ជូនរបស់ទាំងនេះមកឲ្យពួកអ្នកបម្រើរបស់ព្រះករុណាចុះ។
16យើងខ្ញុំនឹងកាប់ឈើពីស្រុកលីបង់តាមចំនួនដែលព្រះករុណាត្រូវការ។ យើងខ្ញុំនឹងបញ្ជូនតាមក្បូនតាមសមុទ្រឆ្ពោះទៅក្រុងយ៉ុបប៉េ ហើយព្រះករុណាអាចដឹកវាទៅដល់ក្រុងយេរូសាឡិម»។
17ព្រះបាទសាឡូម៉ូនបានជំរឿនជនបរទេសទាំងអស់ដែលរស់នៅក្នុងស្រុកអ៊ីស្រាអែលតាមវិធីដែលព្រះបាទដាវីឌ ជាបិតារបស់ព្រះអង្គបានធ្វើ ហើយជំរឿនពួកគេ។ ពួកគេបានធ្វើជំរឿនឃើញមានចំនួន ១៥៣, ៦០០ នាក់។
18ស្តេចបានតែងតាំងប្រាំពីរម៉ឺននាក់ឲ្យធ្វើជាអ្នកលីសែង ប្រាំបីម៉ឺននាក់ធ្វើជាអ្នកកាប់ឈើនៅលើភ្នំនិង ៣៦០០ ឲ្យធ្វើជាអ្នកមើលការខុសត្រូវឲ្យគេធ្វើការ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។