ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

របាក្សត្រទី ២ 17

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទយ៉ូសាផាតជាបុត្ររបស់ព្រះបាទអេសាបានឡើងស្នងរាជ្យជំនួសបិតា។ ព្រះបាទយ៉ូសាផាតបានពង្រឹងអំណាចខ្លួនឯងប្រឆាំងនឹងអ៊ីស្រាអែល។
2ស្តេចបានដាក់ទ័ពនៅតាមក្រុងទាំងប៉ុន្មានដែលមានកំពែងរឹងមាំនៅស្រុកយូដា និងឲ្យមានកងទ័ពនៅក្នុងស្រុកយូដា និងនៅតាមក្រុងនានានៅអេប្រាអ៊ីមដែលព្រះបាទអេសាជាបិតាបានកាន់កាប់។
3ព្រះអម្ចាស់គង់ជាមួយព្រះបាទយ៉ូសាផាតព្រោះព្រះករុណាបានដើរតាមមាគ៌ារបស់ព្រះបាទដាវីឌ ជាបិតាហើយមិនស្វែងរកព្រះបាលឡើយ។
4ព្រះករុណាបានពឹងលើព្រះជាម្ចាស់ជាព្រះរបស់ពួកអយ្យកោហើយគោរពតាមបទបញ្ជារបស់ព្រះអង្គ ដោយមិនដើរតាមផ្លូវរបស់ជនជាតិអ៊ីស្រាអែលទេ។
5ដូច្នេះ ព្រះអម្ចាស់បានពង្រឹងរាជ្យសម្បត្តិរបស់ស្តេចឲ្យរឹងមាំហើយជនជាតិយូដាទាំងអស់នាំសួយសារអាករទៅព្រះបាទយ៉ូសាផាត។ ស្តេចមានទ្រព្យសម្បត្ដិ និងកិត្តិយសច្រើនក្រៃលែង។
6ស្តេចមានព្រះហឫទ័យស្មោះត្រង់ចំពោះមាគ៌ារបស់ព្រះអម្ចាស់។ ស្តេចក៏បំផ្លាញកន្លែងសក្ការៈតាមទួលខ្ពស់ៗ និងដកបង្គោលព្រះអាសេរ៉ាចេញពីស្រុកយូដាទាំងអស់។
7នៅឆ្នាំទីបីនៃរជ្ជកាលរបស់ព្រះអង្គ ព្រះករុណាបានចាត់មន្ត្រីមានលោកបេនហែល លោកអូបាឌា លោកសាការី លោកនេថាណែល និងលោកមីកាយ៉ាទៅបង្រៀននៅតាមក្រុងនានាក្នុងស្រុកយូដា។
8ដោយមានពួកលេវីទៅជាមួយគឺ លោកសេម៉ាយ៉ា លោកណាថានៀ លោកសេបាឌា លោកអេសាហែល លោកសេមីរ៉ាម៉ូត លោកយេហូណាថាន លោកអដូនីយ៉ា លោកថូប៊ីយ៉ា និងលោកថូបាដូនីយ៉ា ហើយមានបូជាចារ្យនៅជាមួយពួកគេផងគឺបូជាចារ្យអេលីសាម៉ា និងបូជាចារ្យយ៉ូរ៉ាម។
9ពួកគេបង្រៀននៅស្រុកយូដាដោយមានសៀវភៅក្រឹត្យវិន័យរបស់ព្រះអម្ចាស់នៅជាមួយពួកគេ។ ពួកគេធ្វើដំណើរពាសពេញក្រុងទាំងប៉ុន្មានក្នុងស្រុកយូដាដើម្បីបង្រៀនប្រជាជន។
10ព្រះអម្ចាស់បានធ្វើឲ្យនគរទាំងប៉ុន្មាននៅជុំវិញស្រុកយូដាកើតមានការភ័យខ្លាច ដូច្នេះ ពួកគេពុំបានធ្វើសង្គ្រាមប្រឆាំងនឹងព្រះបាទយ៉ូសាផាតឡើយ។
11ជនជាតិភីលីស្ទីនខ្លះនាំយកអំណោយមកថ្វាយព្រះបាទយ៉ូសាផាត និងប្រាក់មកធ្វើជាសួយសារអាករ។ ជនជាតិអារ៉ាប់ក៏បាននាំហ្វូងសត្វចៀម ៧, ៧០០ ក្បាលនិងពពែ ៧, ៧០០ ក្បាល មកថ្វាយព្រះបាទយ៉ូសាផាតដែរ។
12ព្រះបាទយ៉ូសាផាតមានអំណាចខ្លាំងក្លាណាស់។ ស្ដេចបានសង់បន្ទាយ និងឃ្លាំងជាច្រើននៅក្នុងក្រុងនានានៅស្រុកយូដា។
13ស្តេចមានទ្រព្យសម្បត្ដិយ៉ាងច្រើននៅក្រុងនានាក្នុងស្រុកយូដា និងកងទ័ពដែលមានសុទ្ធតែជាមនុស្សអង់អាចក្លាហានក្នុងក្រុងយេរូសាឡិម។
14​នេះជាបញ្ជីឈ្មោះតាម​ក្រុម​គ្រួសារ​របស់​ពួក​គេ ពី​កុល‌សម្ព័ន្ធ​យូដា មាន​មេ​បញ្ជា‌ការ​កង‌ពល ដូច​ត​ទៅ លោកអាណណា ជាមេបញ្ជាការហើយនៅជាមួយគាត់មានទាហានប្រយុទ្ធ ៣០, ០០០ នាក់។
15លោកយ៉ូហាណាន ជាមេបញ្ជាការជាមួយគាត់មានពលទាហាន ២៨០, ០០០ នាក់។
16លោកអម៉ាស៊ីយ៉ាជាកូនរបស់លោកស៊ីគ្រីដែលស្ម័គ្រចិត្តចង់បម្រើព្រះអម្ចាស់ ហើយនៅជាមួយគាត់មានទាហានចំនួន ២០០, ០០០ នាក់។
17ពីកូនចៅបេនយ៉ាមីនមាន៖ លោកអេលីយ៉ាដា នៅជាមួយគាត់មានឥស្សរជនក្លាហានចំនួន២០០, ០០០នាក់ ប្រដាប់អាវុធមានធ្នូនិងខែល។
18បន្ទាប់មក មានលោកយេហូសាបាត ហើយនៅជាមួយគាត់មានទាហានចំនួន១៨០, ០០០ នាក់សុទ្ធតែត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម។
19អ្នក​ទាំង​នេះ​សុទ្ធ​តែ​នៅ​បម្រើ​ស្ដេច រួម​ទាំង​អ្នក​ឯ​ទៀតៗ ដែល​ស្ដេច​ដាក់​ឲ្យ​ប្រចាំ​ការ​នៅ​តាម​ក្រុង ដែល​មាន​កំពែង​រឹង‌មាំ​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។