ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ពង្សាវតាក្សត្រ 19

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះបាទអហាប់បានប្រាប់នាងយេសិបិលពីអ្វីៗទាំងអស់ដែលលោកអេលីយ៉ាបានធ្វើ និងពីរបៀបដែលលោកបានសម្លាប់ពួកព្យាការីទាំងនោះដោយដាវ។
2បន្ទាប់មក ព្រះនាងយេសិបិលបានឲ្យគេទៅប្រាប់លោកអេលីយ៉ាថា៖ «សូមឲ្យព្រះជាម្ចាស់បានប្រព្រឹត្តជាមួយខ្ញុំលើសជាងនេះទៅទៀត បើខ្ញុំមិនបានធ្វើឲ្យជីវិតរបស់លោកដូចជាជីរិតរបស់អស់អ្នកដែលបានស្លាប់នៅថ្ងៃស្អែកពេល​ថ្មើរ​នេះ»។
3នៅពេលដែលលោកអេលីយ៉ាបានឮបែបនេះ លោកក៏ក្រោកឡើងហើយរត់យករួចជីវិត ហើយមកដល់បៀរ-‌សេបា ក្នុង​ស្រុក​យូដា លោក​ទុក​អ្នក​បម្រើរបស់លោក​នៅ​ទី​នោះ។
4ប៉ុន្តែ លោកបានទៅវាលរហោស្ថានចម្ងាយដើរមួយថ្ងៃ ហើយបានមកអង្គុយនៅក្រោមដើមឈើ។ លោកសុំឲ្យលោកបានស្លាប់ ហើយលោកនិយាយថា៖ «វាគ្រប់គ្រាន់ហើយព្រះអម្ចាស់អើយ សូមដកយកជីវិតទូលបង្គំទៅ ព្រោះទូលបង្គំមិនប្រសើរជាងបុព្វបុរសរបស់ទូលបង្គំដែលបានស្លាប់នោះទេ»។
5ដូច្នេះ លោកក៏បានផ្តេកខ្លួននៅក្រោមដើមឈើដែលមានផ្ការីកនោះទៅ។ រំពេចនោះ មានទេវតាមកប៉ះលោក ហើយនិយាយនឹងលោកថា៖ «សូមក្រោកឡើង ហើយបរិភោគចុះ»។
6លោកអេលីយ៉ាបានមើល ហើយនៅជិតក្បាលរបស់លោកមាននំប័ុងដែលបានដុតក្តៅៗ និងមានទឹកមួយបំពង់។ ដូច្នេះ លោកក៏បានបរិភោគ និងផឹក រួចក៏ផ្តេកខ្លួនម្តងទៀត។
7ទេវតារបស់ព្រះអម្ចាស់បានមកជាលើកទីពីរ ហើយបានប៉ះលោកដោយនិយាយថា៖ «សូមក្រោកឡើងហើយបរិភោគ ព្រោះការធ្វើដំណើរនឹងច្រើនជ្រុលសម្រាប់អ្នក»។
8ដូច្នេះ លោកក៏ក្រោកឡើង ហើយបានបរិភោគ និងផឹកទឹក ហើយលោកបានធ្វើដំណើរដោយមានកំលាំងពីអាហារនោះអស់រយៈពេលសែសិបយប់ សែសិបថ្ងៃទៅភ្នំ​ហោរែប ជា​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។
9លោកបានទៅរូងភ្នំទីនោះ និងស្នាក់នៅក្នុងរូងនោះ។ បន្ទាប់មកព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកថា៖ «អេលីយ៉ាអើយ តើអ្នកកំពុងធ្វើអ្វីនៅទីនេះ»?
10លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំប្រឹងខ្នះខ្នែងសម្រាប់ព្រះអម្ចាស់ខ្លាំងណាស់ ព្រះអង្គជាព្រះនៃពិភពទាំងមូល ដោយសារជនជាតិអ៊ីស្រាអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេបានបំផ្លាញអាសនារបស់ព្រះអង្គ ហើយបានសំលាប់ព្យាការីរបស់ព្រះអង្គដោយដាវ។ ឥឡូវនេះមានតែទូលបង្គំម្នាក់គត់នៅមានជីវិត ហើយគេក៏ព្យាយាមយកជីវិតទូលបង្គំទៀត»។
11ព្រះអម្ចាស់តមថា៖ «ចូរចេញទៅក្រៅ ហើយឈរនៅលើភ្នំនៅមុខយើង»។ បន្ទាប់មក ព្រះអម្ចាស់យាងឆ្លងកាត់តាមនោះ ហើយមានខ្យល់យ៉ាងខ្លាំងបក់ប៉ះភ្នំ ហើយបានបំបែកថ្្មជាបំណែកនៅមុខព្រះអម្ចាស់ ប៉ុន្តែ ព្រះអម្ចាស់មិនបាននៅក្នុងខ្យល់នោះទេ។ បន្ទាប់មក ក្រោយពីមានខ្យល់ រញ្ជួយដីក៏មកដល់ ប៉ុន្តែព្រះអម្ចាស់មិននៅក្នុងរញ្ជួយដីនោះទេ។
12បន្ទាប់មក ក្រោយពីមានរញ្ជួយដី ក៏មានភ្លើងមកដែរ ប៉ុន្តែ ព្រះអម្ចាស់មិនគង់នៅក្នុងភ្លើងនោះទេ។ បន្ទាប់ពី មានភ្លើង ក៏មានសម្លេងតូចមួយបានមក។​
13នៅពេលដែលលោកអេលីយ៉ាបានឮសម្លេងលោកបានយកអាវធំរបស់លោកគ្របមុខ ដើរចេញក្រៅ ហើយបានឈរនៅមាត់រូង។ បន្ទាប់មក សម្លេងនោះមកឯលោកដោយនិយាយថា៖ «អេលីយ៉ាអើយតើអ្នកកំពុងធ្វើអ្វីនៅទីនេះ»?
14លោកអេលីយ៉ាឆ្លើយថា៖ «ទូលបង្គំប្រឹងខ្នះខ្នែងសម្រាប់ព្រះអម្ចាស់ខ្លាំងណាស់ ព្រះអង្គជាព្រះនៃពិភពទាំងមូល ដោយសារជនជាតិអ៊ីស្រាអែលបានផ្តាច់សម្ពន្ធមេត្រីរបស់ព្រះអង្គ ពួកគេបានបំផ្លាញអាសនារបស់ព្រះអង្គ ហើយបានសម្លាប់ពួកព្យាការីរបស់ព្រះអង្គដោយដាវ។ ឥឡូវនេះ មានតែទូលបង្គំម្នាក់គត់នៅមានជីវិត ហើយគេក៏ព្យាយាមយកជីវិតទូលបង្គំទៀត»។
15បន្ទាប់មក ព្រះអម្ចាស់មានបន្ទូលមកកាន់គាត់ថា៖ «ចេញទៅតាមផ្លូវរបស់អ្នកទៅវាលរហោស្ថានដាម៉ាស ហើយនៅពេលដែលអ្នកមកដល់ អ្នកត្រូវតែតែងតាំង​ហាសែល​ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុកអរ៉ាម
16ហើយអ្នកនឹងតែងតាំងយេហ៊ូវ ជា​កូន​របស់​នឹម​ស៊ី ឲ្យ​ធ្វើ​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល រួច​ចាក់​ប្រេង​តែង‌តាំង​លោកអេលីសេ ជា​កូន​របស់លោក​សាផាត នៅ​អេបិល-មហូ‌ឡា ឲ្យ​ធ្វើ​ជា​ព្យាការី​ជំនួសកន្លែង​អ្នក។
17វានឹងកើតឡើងដូច្នេះថា លោកយេហូវនឹងសម្លាប់អ្នកដែលរត់គេចពីហាសែល ហើយលោកអេលីសេនឹងសម្លាប់អ្នកដែលរត់គេចពីយេហូវ។
18ប៉ុន្តែ យើងនឹងទុកប្រជាជនរបស់យើងប្រាំពីរពាន់នាក់នៅក្នុងស្រុកអ៊ីស្រាអែល គឺអស់អ្នកដែលមិនបានលុតជង្គង់ ដើម្បីថ្វាយបង្គំព្រះបាលឡើយ ហើយមាត់របស់អ្នកទាំងនោះក៏មិនបានថើបព្រះនោះដែរ»។
19ដូច្នេះ លោកអេលីយ៉ាបានចេញពីទីនោះ ហើយជួបលោកអេលីសេជាកូនរបស់លោកសាផាត កំពុង​តែ​ភ្ជួរ​ស្រែជាមួយនឹងគោដប់ពីរនឹមនៅមុខលោក ហើយគាត់ផ្ទាល់កំពុងភ្ជួរគោដប់ពីរនឹម។​ លោកអេលីយ៉ាបានដើរទៅជួបលោកអេលីសេហើយបានទម្លាក់អាវធំរបស់លោកលើគាត់។
20បន្ទាប់មក លោកអេលីសេបានទុកគោចោល ហើយបានរត់តាមលោកអេលីយ៉ាទៅ ហើយនិយាយថា៖ «សូមឲ្យខ្ញុំថើបឪពុកម្តាយរបស់ខ្ញុំសិន ហើយបន្ទាប់មក ខ្ញុំនឹងដើរតាមលោក»។ បន្ទាប់មក លោកអេលីយ៉ាក៏បានមានប្រសាសន៍ទៅគាត់វិញថា៖ «ចូរត្រឡប់ទៅវិញចុះ តែសូមគិតអំពីអ្វីដែលខ្ញុំបានធ្វើដល់អ្នក»។
21ដូច្នេះ លោកអេលីសេបានត្រឡប់ពីលោកអេលីយ៉ាមកវិញ ហើយបានយកនង្គ័ល និងសម្លាប់គោ ហើយបានចម្អិនសាច់នោះដោយប្រើនង្គ័លជាអុសដុត។ បន្ទាប់មក លោកបានឲ្យសាច់នោះទៅប្រជាជន ហើយពួកគេក៏បានបរិភោគទៅ។ បន្ទាប់មក លោកក៏ក្រោកឡើង ទៅតាមលោកអេលីយ៉ា ហើយក៏បម្រើលោក។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។