ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ពង្សាវតាក្សត្រ 17

Read Scripture freely. Divine Threads study for this chapter is coming later.

1លោក​អេលីយ៉ា​ជា​អ្នក​ភូមិ​ធេស‌ប៊ី ក្នុង​ស្រុក​កាឡាដ ទូល​ព្រះ‌បាទ​អហាប់​ថា៖ «ដោយសារព្រះអម្ចាស់ជាព្រះរបស់អ៊ីសា្រអែលមានព្រះជន្មគង់នៅ ជាព្រះដែលទូលបង្គំបម្រើ នៅប៉ុន្មានឆ្នាំនោះនឹង​គ្មាន​សន្សើម ឬភ្លៀងឡើយរហូតទាល់តែទូលបង្គំសុំឲ្យមាន»។
2ព្រះបន្ទូលរបស់ព្រះអម្ចាស់មកដល់លោកអេលីយ៉ាថា៖
3«ចូរចេញពីទីនោះទៅភាគខាងកើតទៅ ហើយ​ពួន​សំងំ​នៅ​ក្បែរ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។
4អ្នកនឹងផឹកទឹកជ្រោះ ហើយយើងនឹងឲ្យក្អែកចិញ្ចឹមអ្នកនៅទីនោះ»។
5ដូច្នេះ លោកអេលីយ៉ាបានធ្វើតាមព្រះបន្ទូលរបស់ព្រះអម្ចាស់បានបង្គាប់មកលោក។ លោកបានទៅរស់នៅ​ជ្រោះ​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។
6សត្វក្អែកបាននាំនំប័ុងនឹងសាច់ឲ្យលោកនៅពេលព្រឹក ហើយយកនំប័ុង និងសាច់មកឲ្យលោកនៅពេលល្ងាច ហើយលោកផឹកទឹកជ្រោះនោះ។
7ប៉ុន្តែ ក្រោយមកទឹកជ្រោះនោះក៏រីងអស់ ព្រោះគ្មានភ្លៀងសោះនៅក្នុងតំបន់នោះ។
8ព្រះបន្ទូលរបស់ព្រះអម្ចាស់បានមកដល់លោកថា៖
9«ចូរក្រោកឡើង ហើយចេញទៅសា‌រិប‌តា ជា​ក្រុង​របស់​ជន‌ជាតិ​ស៊ីដូន ហើយ​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ​ចុះ។ មើល យើង​នឹង​បង្គាប់​ឲ្យ​ស្ត្រី​មេម៉ាយ​ម្នាក់​នៅទីនោះផ្គត់‌ផ្គង់​អ្នក»។
10ដូច្នេះ គាត់ក៏ក្រោកឡើង ហើយចេញទៅសារិបតា ហើយនៅពេលដែលលោកមកដល់ទ្វារក្រុងមានស្រ្តីមេម៉ាយម្នាក់កំពុងតែរើសអុស។ ដូច្នេះ លោកបានហៅនាងដោយនិយាយថា៖ «សូមដងទឹកពីក្នុងពាងឲ្យខ្ញុំបន្តិច ខ្ញុំនឹងផឹកទឹកនោះ»។
11នៅពេលដែលនាងចេញទៅដងទឹក គាត់បានហៅនាងមក ហើយនិយាយថា៖ «សូមយកនំប័ុងមួយដុំក្នុងដៃនាងមកឲ្យខ្ញុំ»។
12នាងតមថា៖ «ក្នុងព្រះនាមព្រះអម្ចាស់ដែលមានព្រះជន្មរស់ នាងខ្ញុំសូមជម្រាបលោកថានាងខ្ញុំគ្មាននំប័ុងទេ ប៉ុន្តែ នាងខ្ញុំមានតែអាហារបន្តិចនៅក្នុងក្រឡ និងមានប្រេងបន្តិចនៅក្នុងដបប៉ុណ្ណោះ។ លោកឃើញទេ ខ្ញុំកំពុងរើសអុស ដូច្នេះ នាងខ្ញុំនឹងទៅចម្អិនសម្រាប់នាងខ្ញុំ និងកូនប្រុសរបស់នាងខ្ញុំ ហើយយើងនឹងបរិភោគរួចយើងនឹងស្លាប់»។
13លោកអេលីយ៉ាមានប្រសាសន៍ថា៖ «កុំឲ្យខ្លាចឡើយ។ ចូរចេញទៅធ្វើតាមដែលនាងបាននិយាយចុះ ប៉ុន្តែ ចូរធ្វើនំប័ុងឲ្យខ្ញុំបន្តិចសិន ហើយយកវាមកឲ្យខ្ញុំ។ បន្ទាប់មក សឹមធ្វើសម្រាប់ខ្លួននាង និងកូនរបស់នាងចុះ។
14ព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលមានបន្ទូលថា៖​ «ក្រឡអាហារនឹងមិនត្រូវអស់ឡើយ ហើយដបប្រេងក៏មិនឈប់ហូរដែរ រហូតដល់ថ្ងៃដែលព្រះអម្ចាស់ប្រទានទឹកភ្លៀងមកលើផែនដី»។
15ដូច្នេះ នាងក៏បានធ្វើដូចដែលលោកអេលីយ៉ាបានប្រាប់នាង។ នាង និងលោកអេលីយ៉ា ព្រមទាំងអ្នកដែលនៅក្នុងផ្ទះនាងបានបរិភោគបានយ៉ាងច្រើនថ្ងៃ។
16ក្រឡអាហារមិនដែលអស់ឡើយ ហើយដបប្រេងក៏មិនឈប់ហូរដែរ ដូចព្រះបន្ទូលដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈលោកអេលីយ៉ាមែន។
17ក្រោយមកទៀតកូនរបស់ស្រ្តីនោះឈឺ គឺស្រ្តីដែលជាម្ចាស់ផ្ទះ។ កូននោះឈឺធ្ងន់ណាស់ ធ្វើឲ្យកូននោះផុតដង្ហើម។
18ដូច្នេះ ម្តាយរបស់កូននោះបាននិយាយទៅកាន់លោកអេលីយ៉ាថា៖​ «តើអ្នកមានរឿងអ្វីជាមួយនាងខ្ញុំ អ្នកជំនិតរបស់ព្រះជាម្ចាស់អើយ? តើអ្នកមកជួបខ្ញុំដើម្បីរំឭកពីអំពើបាបរបស់នាងខ្ញុំ ហើយសម្លាប់កូនរបស់នាងខ្ញុំឬ»?
19បន្ទាប់មក លោកអេលីយ៉ាឆ្លើយទៅនាងថា៖ «សូមឲ្យកូនរបស់នាងមក»។ គាត់ក៏បានយកកូននោះពីដៃរបស់នាង ហើយបានយកនាងទៅបន្ទប់ខាងលើដែលលោកស្នាក់នៅ ហើយលោកបានដាក់កូននោះនៅលើគ្រែរបស់លោក។
20លោកបានស្រែករកព្រះអម្ចាស់ដោយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយ តើព្រះអង្គនាំមហន្តរាយមកលើស្រ្តីដែលទូលបង្គំស្នាក់នៅជាមួយនេះដោយសម្លាប់កូនរបស់នាងបែបនេះឬ»?
21បន្ទាប់មកលោកក៏ទ្រោមពីលើកូននោះបីដង លោកបានស្រែករកព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់ជាព្រះរបស់ទូលបង្គំអើយ ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យជីវិតរបស់ក្មេងនេះត្រឡប់មកគាត់វិញផង»។
22ព្រះអម្ចាស់បានស្តាប់ឮសម្លេងរបស់លោកអេលីយ៉ា ជីវិតរបស់ក្មេងនោះបានត្រឡប់មកក្មេងនោះវិញ ហើយគាត់ក៏រស់ឡើងវិញ។
23លោកអេលីយ៉ាបានយកក្មេងនោះចេញពីបន្ទប់របស់គាត់មកក្រោមផ្ទះ លោកបានប្រគល់ក្មេងនោះឲ្យម្តាយរបស់ក្មេងនោះវិញ ដោយមានប្រសាសន៍ថា៖​ «ឃើញទេ កូនរបស់អ្នកនៅរស់ទេ»។
24ស្ត្រីនោះបាននិយាយជាមួយលោកអេលីយ៉ាថា៖ «ឥឡូវនេះ ខ្ញុំដឹងហើយថា លោកជាអ្នកជំនិតរបស់ព្រះអម្ចាស់ ហើយដឹងថាព្រះបន្ទូលនៅក្នុងមាត់របស់លោកពិតជាត្រឹមត្រូវមែន»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។