ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

១ ពង្សាវតាក្សត្រ 15

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅក្នុងឆ្នាំទីដប់ប្រាំបីនៅក្នុងរាជ្យព្រះបាទយេរ៉ូបោមជាកូនរបស់​លោក​នេបាត ព្រះ‌បាទ​អប៊ី‌យ៉ា​ចាប់ផ្តើមឡើង​សោយ‌រាជ្យ​នៅ​ស្រុក​យូដា។
2ស្តេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច គឺនាង​ថា​ម៉ាកា ជា​កូនស្រីរបស់អប៊ី‌សាឡុម។
3ស្តេចបានប្រព្រឹត្តអំពើបាបគ្រប់យ៉ាងដែលបិតារបស់ស្តេចបានប្រព្រឹត្តមុនព្រះអង្គ ព្រះហឫទ័យរបស់ស្តេចមិនបានថ្វាយព្រះអម្ចាស់ជាព្រះរបស់ព្រះអង្គ ដូចស្តេចដាវីឌជាបុព្វបុរសរបស់លោកធ្លាប់ធ្វើឡើយ។
4យ៉ាងណាមិញ ដោយយល់ដល់ស្តេចដាវីឌ ព្រះអម្ចាស់ជាព្រះរបស់ស្តេចបានឲ្យស្តេចមានចង្កៀងមួយនៅក្រុងយេរូសាឡឹមដោយលើកបុត្ររបស់ស្តេចឲ្យឡើងសោយរាជ្យក្រោយព្រះអង្គ ដើម្បីពង្រឹងយេរូសាឡឹម។
5ព្រះជាម្ចាស់ធ្វើបែបនេះមកពីព្រះបាទដាវីឌបានធ្វើរឿងត្រឹមត្រូវនៅក្នុងព្រះនេត្រព្រះអង្គ នៅពេញមួយជីវិតរបស់ស្តេច ស្តេចមិនបានងាកចេញពីផ្លូវដែលព្រះអង្គបង្គាប់ស្តេចឡើយ លើកលែងតែរឿងរបស់លោកអ៊ូរីជនជាតិហេតមួយចេញ។​
6ឥឡូវនេះ មានសង្គ្រាមរវាងព្រះបាទរេហូបោម និងព្រះបាទយេរ៉ូបោមនៅក្នុងថ្ងៃនៃជីវិតរបស់លោកអប៊ីយ៉ា។
7មានរឿងផ្សេងទៀតទាក់ទងនឹងព្រះបាទអប៊ីយ៉ា អ្វីដែលស្តេចបានធ្វើ តើមិនមានសរសេរទុកនៅក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬអី? តែងតែមានសង្គ្រាមរវាងអប៊ីយ៉ា និងយេរូបោមជានិច្ច។
8ព្រះបាទអប៊ីយ៉ាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះទ្រង់នៅក្នុងក្រុងរបស់ព្រះបាទដាវីឌ។ ព្រះ‌បាទ​អេសា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។
9នៅក្នុងឆ្នាំទីម្ភៃនៃរាជ្យរបស់ព្រះបាទយេរ៉ូបោមជាស្តេចស្រុកអ៊ីស្រាអែល ព្រះ‌បាទ​អេសាចាប់ផ្តើមសោយរាជ្យនៅស្រុកយូដា។
10ស្តេចបានសោយរាជ្យអស់រយៈពេលសែសិបមួយឆ្នាំនៅក្រុងយេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា​ម៉ាកា ជាកូនស្រីរបស់អប៊ី‌សាឡុម។
11ព្រះ‌បាទ​អេសាបានប្រព្រឹត្តត្រឹមត្រូវចំពោះព្រះនេត្ររបស់ព្រះអម្ចាស់ ដូចជាព្រះបាទដាវីឌជាបុព្វបុរសរបស់ស្តេចដែរ។
12ស្តេចបានបំផ្លាញពួកពេស្យាចាបែបសាសនាចោលនៅក្នុងទឹកដីទាំងមូល ហើយបានបំផ្លាញរូបព្រះដែលបុព្វបុរសរបស់ស្តេចបានធ្វើ។
13ស្ដេច​បាន​ហូត​តំណែងរបស់ម្ចាស់ក្សត្រី​ពី​ព្រះ‌នាង​ម៉ាកា ជីដូនរបស់ស្តេច ព្រោះ​ព្រះនាង​បាន​កសាងសរសរព្រះ​អា‌សេ‌រ៉ាដ៏​គម្រក់​មួយ។ ព្រះ‌បាទ​អាសាកម្ទេចសសរដ៏​គម្រក់​នោះ រួច​យក​ទៅ​ដុត​ចោល​នៅ​ជ្រោះ​កេដ្រូន។
14ប៉ុន្តែ នៅតាមទីទួលខ្ពស់ៗមិនបានបំផ្លាញចោលទេ។ ទោះជាយ៉ាងណាក៏ដោយដួងចិត្តរបស់ព្រះបាទអាសាបានថ្វាយទៅព្រះជាម្ចាស់ទាំងស្រុងពេញមួយជីវិតរបស់ស្តេច។​
15ស្តេចបាននាំរបស់ដែលបិតារបស់ស្តេចបានញែកទុកមកក្នុងដំណាក់របស់ព្រះអម្ចាស់​ គឺរបស់ផ្ទាល់ខ្លួនរបស់ព្រះអង្គផ្ទាល់ដែលបានញែកទុក គឺមានប្រាក់ មាស និងរបស់របរផ្សេងៗទៀត។
16តែងតែមានសង្គ្រាម​ទៅវិញទៅ​មករវាងព្រះ‌បាទ​អេសា និង​ព្រះ‌បាទ​បាសា​ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ក្នុងរាជ្យរបស់​ស្ដេច​ទាំង​ពីរ។
17ព្រះបាទបាសាជាស្រេចស្រុកអ៊ីស្រាអែល បានប្រព្រឹត្តដោយកំហឹងប្រឆាំងជាមួយជនជាតិយូដា ហើយបានសង់​ក្រុង​រ៉ាម៉ា ដូច្នេះ ស្តេចមិនអនុញ្ញាត្តិឲ្យនរណាម្នាក់ចេញ ឬចូលទៅក្នុងអាណាចក្ររបស់ព្រះបាទអាសាស្តេចស្រុកយូដាបានឡើយ។
18បន្ទាប់មក ព្រះបាទអាសាបានយកប្រាក់ និងមាសទាំងអស់ដែលនៅសេសសល់ក្នុងឃ្លាំងឯដំណាក់របស់ព្រះអម្ចាស់ និងក្នុងឃ្លាំងវាំងស្តេច។ ស្តេចបានទុករបស់ទាំងនោះនៅជាមួយអ្នកបម្រើរបស់ស្តេច ហើយបានផ្ញើរបស់ទាំងនោះទៅព្រះ‌បាទ​បេន-‌ហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ថាប‌រីម៉ូន ដែល​ត្រូវ​ជា​បុត្រ​របស់​ព្រះ‌បាទ​ហេស‌យ៉ូន ស្ដេច​ស្រុកអារ៉ាម ដែល​គង់​នៅ​ក្រុង​ដាម៉ាស។ ស្តេចទូលទៅ​ថា៖
19«សូមឲ្យមានសម្ពន្ធមេត្រីរវាងព្រះករុណា និងទូលបង្គំ ដូចដែលបិតាទូលបង្គំមានជាមួយបិតាព្រះកុរណាដែរ។ មើល៍ ទូលបង្គំបានផ្ញើអំណោយទាំងនេះមានប្រាក់ និងមាសមកព្រះករុណា។​ សូមផ្តាច់សម្ពន្ធមេត្រីជាមួយបាសាស្តេចស្រុកអ៊ីស្រាអែលទៅ ដូច្នេះ កុំឲ្យស្តេចនោះធ្វើទុកទូលបង្គំឡើយ»។
20ព្រះ‌បាទ​បេនហា‌ដាដ​ស្តាប់តាមព្រះ‌បាទ​អេសា ហើយបានបញ្ជូនមេទ័ពរបស់ខ្លួន ឲ្យវាយប្រហាក្រុងនានាក្នុងស្រុកអ៊ីស្រាអែល។ ពួក​គេ​វាយ​យក​ក្រុង​អ៊ីយ៉ូន ក្រុង​ដាន់ ក្រុង​អេបិល-‌បេត-‌ម៉ាកា ព្រម​ទាំង​តំបន់​គីនេ‌រ៉ែត​ទាំង​មូល និងទឹកដី​ស្រុក​ណែប‌ថាលី។
21នៅពេលដែលព្រះបាទបាសាបានឮរឿងនេះស្តេចក៏ឈប់សាងសង់ក្រុងរ៉ាម៉ា ហើយត្រឡប់ទៅក្រុង​ធើសាវិញ​។
22បន្ទាប់មក ព្រះបាទអាសាបានធ្វើសេចក្តីប្រកាសនៅក្នុងស្រុកយូដាទាំងមូល។ គ្រប់គ្នាទាំងអស់បានដឹង។ ពួកគេបានយកថ្ម និងឈើចេញពីក្រុងរ៉ាម៉ា ដែលព្រះបាទបាសាបានសាងសង់ក្រុងនោះឡើង។ ស្តេច​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ាមីន និង​ក្រុង​មីសប៉ា។
23រឿងផ្សេងៗទៀតទាក់ទាងនឹងព្រះបាទអាសា និងភាពល្បីល្បាញរបស់ស្តេច គ្រប់អ្វីដែលស្តេចបានធ្វើ គ្រប់ក្រុងដែលស្តេចបានសង់ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចស្រុកយូដាទេឬ? ប៉ុន្តែនៅពេលដែលស្តេចចាស់ទៅទ្រង់មានជំងឺឈឺជើង។
24បន្ទាប់មក ព្រះបាទអាសាបានផ្ទុំលក់ជាមួយបុព្វបុរសរបស់ស្តេច ហើយគេបានបញ្ចុះស្តេចនៅក្នុងក្រុងរបស់ព្រះបាទដាវីឌជាបិតាទ្រង់។ ព្រះ‌បាទ​យ៉ូសា‌ផាត ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យបន្ត។
25ព្រះបាទ​ណាដាប់ ជា​បុត្រ​ព្រះ‌បាទ​យេរ៉ូ‌បោមចាប់ផ្តើមសោយរាជ្យនៅទឹកដីអ៊ីស្រាអែលនៅក្នុងឆ្នាំទីពីរនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ស្តេចបានសោយរាជ្យលើអ៊ីស្រាអែលបានពីរឆ្នាំ។
26ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ ហើយស្តេចបានដើរតាមបិតាទ្រង់ និងដើរតាមអំពើបាបរបស់ខ្លួន ដែលស្តេចបាននាំអ៊ីស្រាអែលឲ្យធ្លាក់ក្នុងអំពើបាប។
27លោក​បាសា​ជា​កូន​របស់​លោក​អហ៊ី‌យ៉ា ក្នុងគ្រួសារ​អ៊ីសា‌ខារ បាន​ក្បត់​ព្រះ‌បាទ​ណាដាប់ លោកបាសាធ្វើ​គុត​ស្ដេច​នៅ​គីប‌ថោន ដែលជា​ក្រុង​របស់​ពួក​ភីលីស្ទីន នៅពេលដែល​ស្ដេច និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​កំពុង​ឡោម‌ព័ទ្ធ​ក្រុង​គីប‌ថោននោះ។
28នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​អេសា ជា​ស្ដេច​ស្រុក​យូដា លោក​បាសា​ធ្វើ​គុត​ព្រះបាទណាដាប់ ហើយ​ឡើង​សោយ​រាជ្យ​ជំនួស។
29នៅពេលភ្លាមៗដែលលោកបានសោយរាជ្យ ព្រះបាទបាសាបានសម្លាប់មនុស្សទាំងអស់នៅក្នុងគ្រួសាររបស់យេរ៉ូបោម។​ ស្តេចមិនទុកឲ្យកូនចៅណាម្នាក់របស់យេរ៉ូបោមនៅរស់ឡើយ ស្តេចបានសម្លាប់សាច់សាលោហិតនៅក្នុងវាំងដោយរបៀបនេះឯង​ ស្រមតាមអ្វីដែលព្រះអម្ចាស់បានមានបន្ទូលតាមរយៈលោកអហ៊ីយ៉ាជាអ្នកស្រុកស៊ីឡូមែន
30ដោយាសាតែអំពើបាបដែលយេរ៉ូបោមបានប្រព្រឹត្ត និងដោយសារស្តេចបាននាំឲ្យអ៊ីស្រាអែលប្រព្រឹត្តអំពើបាប ព្រោះស្តេចបានធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់អ៊ីស្រាអែលព្រះពិរោធ។
31រឿងផ្សេងទៀតដែលទាក់ទងនឹងព្រះបាទណាដាប់ និងគ្រប់អ្វីដែលស្តេចបានធ្វើ តើមិនមានកត់ត្រាទុកក្នុងសៀវភៅព្រឹត្តិការណ៍របស់ស្តេចទេឬ?
32តែងតែមានសង្គ្រាមរវាងព្រះ‌បាទ​អាសា និង​ព្រះ‌បាទ​បាសា ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែលជានិច្ចនៅក្នុងជីវិតរបស់ស្តេច។​
33នៅក្នុងឆ្នាំទីបីនៃរាជ្យរបស់ព្រះបាទអាសាស្តេចស្រុកយូដា ព្រះ‌បាទ​បាសា ជា​កូន​របស់​លោក​អហ៊ី‌យ៉ា បាន​ឡើង​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​ធើសា អស់​រយៈ​ពេល​ម្ភៃ​បួន​ឆ្នាំ។
34ស្តេចបានប្រព្រឹត្តអំពើអាក្រក់នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់ និងដើរតាមមាគា៌របស់ព្រះបាទយេរ៉ូបោម និងអំពើបាបខ្លួនឯងផ្ទាល់ ដែលនាំអ៊ីស្រាអែលទៅក្នុងអំពើបាប។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។